AFFU-19៖ កម្ពុជា ប្រើពេល៥នាទី ស្រវាបាន២គ្រាប់ រីឯទីម័រខាងកើត ប្រើពេល៩នាទី រកបាន៣គ្រាប់

Cambodia U-19/by FFC

 ក្រុមបាល់ទាត់អាយុក្រោម ១៩ឆ្នាំកម្ពុជា រកបាន២គ្រាប់មកវិញក្នុងជំនួបទល់នឹងក្រុមទីម័រខាងកើត នាព្រឹត្តិការណ៍ ASEAN U19 Boys' Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ លទ្ធផល កម្ពុជា ចាញ់ទីម័រខាងកើត ៣-២។ ២គ្រាប់របស់ក្រុមគោព្រៃវ័យជំទង់ ប្រើពេលត្រឹមតែ៥នាទីប៉ុណ្ណោះ រីឯក្រុមទីម័រ រកបាន៣គ្រាប់ ដោយថេរវេលាត្រឹម៩នាទី។


CAM(blue) vs TML(white)/by FFC

នៅក្នុងវគ្គទី១ ក្រុមទីម័រខាងកើត បើកការនាំមុខ កម្ពុជា រហូតដល់ទៅ៣គ្រាប់ ដែលប្រើពេលត្រឹមតែ៩នាទី ពោលគ្រាប់បាល់ដំបូងកើតឡើងនៅនាទី៣៤' រកបានដោយកីឡាករ Canavaro V. បញ្ចប់ទីដោយជើងស្តាំ រំលងបាន៣នាទី ខ្សែប្រយុទ្ធ Bakhito A. ទម្លាយសំណាញ់ទីគ្រាប់ទី២ នៅនាទី៣៧' និងគ្រាប់ទី៣ រកបានដោយកីឡាករ Luis Ribero Figo នៅនាទី៣៩'។




ចូលដល់វគ្គទី២ កម្ពុជា វាយសម្រុកខ្លាំងរហូតអាចរកបាន ២គ្រាប់មកវិញដោយប្រើថេរវេលាត្រឹមតែ៥នាទីប៉ុណ្ណោះ។ នៅនាទី៥៥' ខ្សែប្រយុទ្ធ សោម បូរិទ្ធ ទម្លាយសំណាញ់ទី១គ្រាប់ និងនៅនាទី៦០ ខ្សែការពារ ឈៀង គឹមសុង រកបាន១គ្រាប់ទៀត។ បញ្ចប់ ៩០នាទីពេញ ទីម័រខាងកើត ទទួលបាន ៣ពិន្ទុ ពីកម្ពុជា ឈរលំដាប់ទី២ ក្រោមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឈរលេខ១ មាន៣ពិន្ទុដូចគ្នា តែឥណ្ឌូនេស៊ីមានផលសងគ្រាប់បាល់ចំណេញ ៦គ្រាប់ក្រោយឈ្នះក្រុមហ្វីលីពីន ៦-០ នៅក្នុងGroup A។



សម្រាប់ក្រុមកម្ពុជា នឹងបន្តជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែកក្កដា និងបន្តជួបហ្វីលីពីន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ តើកម្ពុជា អាចឆ្លងផុតដែរទេក្នុងវគ្គសន្សំពិន្ទុពូល A នេះ?







Comments