បុគ្គលខ្លះពោលត្មិះដៀលមាក់ងាយវចនានុក្រមសម្តេចព្រះសង្ឃរាជថា៖ ធ្វើឡើងតែចិត្តឯង ឆោតល្ងង់ មិនមានការកែប្រែបន្ត។
យើងខ្ញុំសូមលើកយកអំពីបញ្ហានាំឱ្យមានការបង្កើត«វចនានុក្រម»នេះឡើង ដើម្បីថ្វាយប្រគេនជូន សម្តេច ព្រះតេជគុណ លោកអ្នកពិចារណាថា តើបុគ្គលនោះពោលត្រូវឬខុស?
កាលពីសម័យបារាំងចូលមកត្រួតត្រាស្រុកខ្មែរ គេត្រួតត្រាស្ទើរគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអក្សរសាស្ត្រ"ខ្មែរ" ផងដែរ គឺបារាំងបង្ខំឱ្យកូនខ្មែររៀនអានសរសេរនិយាយភាសាបារាំង ហេតុនេះអក្សរសាស្ត្រខ្មែរត្រូវរត់ទៅជ្រកកោនតាមទីវត្តអារាមព្រះពុទ្ធសាសនា។ ហេតុនេះហើយបានជាយើងឃើញអ្នកប្រាជ្ញ អដ្ឋកោវិទ បណ្ឌិត កវីអ្នកចេះដឹងជំនាន់នោះភាគច្រើនជាបុរសចេញពីសំណាក់វត្តអារាម(ជាអាទិ៍ ឯកឧកញ៉ាសន្ធរវោហារម៉ុក ភិរម្យភាសាអ៊ូ ជាដើម)។ល។ ដោយហេតុឪពុកម្តាយបញ្ជូនកូនប្រុសឱ្យទៅបួសរៀ ទោះបីមិនបានបួសក្តីក៏ត្រូវបញ្ជូនឱ្យទៅសំណាក់អាស្រ័យនឹងវត្តដែរ រហូតប្រកាន់ចំពោះមនុស្សប្រុសថាបើមិនបានបួសរៀនទេ មិនមែនជាប្រុសពេញលក្ខណៈឡើយ ចង់ទៅស្តីដណ្តឹងកូនគេ ត្រូវឪពុកម្តាយគេសួរជាមុនរឿងបួស បើមិនធ្លាប់បួសទេ រត់ទៅបួសយ៉ាងតិចមួយត្រីមាសទៅមួយវស្សាសិនចាំមកគិតកូនគេ.....។
ហើយស្ត្រីដែលរៀនចេះបានជ្រៅជ្រះជំនាន់នោះភាគច្រើនជាកូនឧកញ៉ា សេដ្ឋី គហិបតី ដង្ខៅ ឬអ្នកមានលទ្ធភាពឱ្យកូនស្រីរៀនបានខ្ពង់ខ្ពស់។ ឯអ្នកក្រវិញភាគច្រើនមិនបានឱ្យស្រីរៀនទេ ដោយហេតុស្រីមិនអាចសំណាក់អាស្រ័យនៅនឹងក្នុងវត្តបានដូចបុរស ទើបបង្កើតបានពាក្យមួយថា អើមិនចាំបាច់ទៅរៀនដល់ណាទេ ជៀសតែធ្វើប្រពន្ធគេដដែលទេ វាជៀសពីផ្ទះបាយមិនរួចឡើយ «ស្ត្រីបង្វិលចង្ក្រានមិនជុំ»។ ហើយការដែលទៅសំណាក់អាស្រ័យបួសរៀនហ្នឹងទៀតសោត គឺមានពាក្យមួយថា"រៀនអក្សរលោកគ្រូណា ចេះអានអក្សរលោកគ្រូនោះ" បានន័យថា អក្សរសាស្ត្រខ្មែរមានភាពច្របូកច្របល់ណាស់ មិនទានមានភាពមូលជាឯកឆន្ទឡើយ។
ឧ. លោកគ្រូមួយអង្គបង្រៀនសិស្សថា
(អ អា អិ អី អឹក អឺ អុក អូ )៖ លោកគ្រូមួយអង្គទៀតបង្រៀនសិស្សថា (អ អា អិ អី អឹ អឺ អុ អូ)
យើងឃើញថាមានភាពខុសគ្នា ហើយគ្រូនីមួយៗគឺប្រកាន់មិនសម្របសម្រួលតាមគ្នាឡើយ គឺប្រកាន់ការរៀនតៗពីលោកគ្រូមកដូចគ្នា!មិនដឹងថាអ្នកណាមួយត្រូវឡើយ។ ដោយបណ្ឌិតអ្នកចេះដឹងខ្មែរច្បាស់លាល់ទាមទាឱ្យមានគណកម្មការរៀបចំធ្វើ«វចនានុក្រមខ្មែរ»ឡើង ដើម្បីឱ្យមានភាពប្រាកដនិយម មិនមានភាពច្របូកច្របល់បន្តទៅទៀត គឺត្រូវប្រមូលអ្នកចេះដឹងច្បាស់លាស់គ្រប់ភាសា មាន ពាក្យខ្មែរបុរាណ បាលី សំស្ក្រឹត សៀម លាវ ភូមា ជីន យួន បារាំង ជាដើម ជាអាទិមានភក្ខុ ជួន ណាត ជាបង្គោល។
-គណៈកម្មការជំនុំរៀបរៀងវចនានុក្រមខ្មែរ តាំងដោយព្រះ
រាជប្រកាសលេខ៦៧ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩១៥ តាមលំដាប់មុនក្រោយឱ្យបង្កេីតដំបូងគេ ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះ ស៊ីសុវត្ថិ ជាអម្ចាស់ជីវិតតម្កល់លេីត្បូង (ព្រះ រាជានុកោដ្ឋ)ដោយមានអ្នកប្រាជ្ញ រាជបណ្ឌិត បញ្ញាវន្តខ្មែរនាសម័យនោះ ជាក្រុមជំនុំ។
១.អធិបតី
- សម្ដេចចក្រីកុញ្ជរាធិបតី ពេជ្រ ប៉ុណ្ណ សេនាបតីក្រសួង សិក្សាធិការ និងយុទ្ធនាធិការ (កាលឋានៈជា អ្នកឧកញ៉ា ចក្រីកុញ្ជរាធិបតី ប៉ុណ្ណ)។
២. ក្រុមជំនុំ
- សម្ដេចព្រះរាជអយ្យកោ វរចក្ររណឫទ្ធិ នរោត្ដមសុធារស (កាលទ្រង់នៅឋានៈជាសម្ដេចក្រុមព្រះ)។
- សម្ដេចក្រុមព្រះ ភាណុវង្ស (កាលឋានៈជាព្រះអង្គម្ចាស់)
- ព្រះវនរតន៍ ចន្ទ (វត្តឧណ្ណាលោម ក្រុងភ្នំពេញ)។
- ព្រះមហាវិមលធម្ម ព្រហ្មបណ្ឌិត ថោង ចាងហ្វាងទី១នៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ។
- ព្រះមហារាជធម្ម សួស ចៅអធិការវត្តប្រយូវង្ស ភ្នំពេញ
- អ្នកឧកញ៉ាធម្មានិករ គង់ (សេនាបតីទីវាំងវរវៀងជ័យចាស់ រ៉ឺត្រែត)។
- អ្នកឧកញ៉ាពិភិតឦសូរ ម៉ី(សេនាបតីចក្រី ចាស់រ៉ឺត្រែត)។
- អ្នកឧកញ៉ាវិបុលរាជ មាស ឧបសេនាបតីក្រសួងក្សេត្រាធិការ (ក្រសួងកសិកម្ម)
- អ្នកឧកញ៉ាស្រីធម្មាធិរាជ អ៊ុក ឧបសេនាបតី ក្រសួងព្រះបរមរាជវាំង។
ព្រះពុទ្ធឃោសាចារ្យ ជួន ណាត (កាលនៅឋានៈជាព្រះគ្រូសង្ឃសត្ថា ជាអាចារ្យសាលាបាលីជាន់ខ្ពស់ និង ជាអ្នកកាន់កាប់កិច្ចការនេះរៀងដរាបមកទល់សម័យ បោះពុម្ពសម្រេច កេីតជា វចនានុក្រមខ្មែរព្រះអង្គបានខិតខំសរសេររៀបចំចងក្រងវចនានុក្រមនេះរហូតដល់ចប់ជាស្ថាពរ បានជាចវនានុក្រមផ្លូវការទាំង២ភាគ។
- ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ (អ្នកបាត់ដំបង តាំងពីកាលនៅឋានៈ ជាអាចារ្យ ឥន្ទ រហូតដល់បានឋានន្តរងារជាទី ឧកញ៉ានេះ)
- អ្នកអាចារ្យ អ៊ិត ហាក់ អាចារ្យសាលាបាលីជាន់ខ្ពស់(តាំងពីកាលនៅជាបព្វជិត មានឋានន្តរជាព្រះសីលសំវរ ទីរាជគណៈ វត្តឧណ្ណាលោម)។
- ឧកញ៉ាសុភាធិរាជ ស៊ូ (ចៅក្រម សាលាឧទ្ធរណ៍ក្រុង ភ្នំពេញ)
- ព្រះញាណវីរិយៈ ឡុង ព្រះចៅអធិការ វត្តនួនមណីរាម ក្រុងភ្នំពេញ និងជាអាចារ្យសាលាបាលីជាន់ខ្ពស់។
- ព្រះឧត្តមមុនី អ៊ុម ស៊ូ អធិបតីរងក្រុមជំនុំព្រះត្រៃបិដក កាលក្នុងឋានៈជាព្រះគ្រូវិមលប្បញ្ញា) វត្តឧណ្ណាលោម។
- ព្រះសាក្សវង្ស ហួត តាត អាចារ្យបង្រៀនសំស្ក្រឹត នៅសាលាបាលីជាន់ខ្ពស់ អធិបតីរងក្រុមជំនុំព្រះត្រៃបិដក(កាលនៅឋានៈជាព្រះគ្រូសង្ឃវិជ្ជា) វត្តឧណ្ណាលោម។
- ក្រមការ ជុំ ម៉ៅ (កាលកំពុងទទួលភារៈធ្វេីការនៅវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ)។
- ឧកញ៉ាទេពពិទូ ឈឹម ក្រសេម គន្ថបណ្ឌិត នៅពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។
បណ្ដាក្រុមជំនុំទាំងនេះ អស់លោកខ្លះបានជួយដោយ
ពេញកម្លាំង ខ្លះទៀតឆ្លៀតជួយធ្វេីមួយដងមួយកាល ឯ ខ្លះគ្រាន់តែមាននាមក្នុងព្រះរាជប្រកាសតាំងប៉ុណ្ណោះ។
លោក ហ្ស៊ក សេដែស ចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស (កាលនៅជាសមាជិកកម្មការ នៃ សាលាបារាំងសែសនោះនៅឡេីយ ក្នុងឱកាសដែលលោកមកធ្វេីការក្នុងកម្ពុជរដ្ឋ) ជាអ្នកផ្ដួចផ្ដេីមឱ្យកេីតការនេះឡេីង ព្រមទាំងឆ្លៀតជួយធ្វេីការនេះជាមួយអស់ លោកក្រុមជំនុំផងដែរ។ លុះដល់ទីអវសាន សម្ដេចព្រះសង្ឃរាជ ជួន ណាតកាល នៅជាព្រះពុទ្ធឃោសាចារ្យ ទីរាជាគណៈថ្នាក់ទោ បានប្រឹងដោយពេញកម្លាំងទាល់តែរួចករកេីតចេញជា វចនានុក្រមខ្មែរនេះឡេីងស្ថាពរ បានលះបង់ចំណាយ ពេលវេលាជាច្រេីនឆ្នាំក្នុងកិច្ចការនេះ រហូតបានបោះ ពុម្ភច្រេីនលេីក នៅដេីមទស្សវត្សទី៦០ ក្នុងនោះក៏មាន សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម កាលគង់នៅឋានៈជាព្រះបិដកធម្ម ទីរាជាគណៈថ្នាក់ចត្វា និងព្រះធម្មលិខិត កឹម តូ ទីរាជាគណៈថ្នាក់ឯក កាលនៅឋានៈជាព្រះសាសនមុនី ជាសមាជិកអមជំនួយសម្ដេច ជួន ណាត ផងដែរ។ (ផ្សាយដោយ ពុទ្ធសាសនបណ្ឌិត)
ចាប់តាំងពី វចនានុកក្រមមានរូបរាងលើសង្គមខ្មែរមក គឺវិស័យអក្សរសាស្ត្រខ្មែរលែងសូវមានភាពច្របូកច្របល់ដូចមុនទៀតហើយ គឺយើងស្រួលសរសេរ ដឹងថាពាក្យណាត្រូវ ពាក្យណាខុស និយាយដោយខ្លីថា មានភាពប្រាកដនិយាយ។ យើងឃើញថាការធ្វើវចនានុក្រមខ្មែរនេះឡើងមិនមែនជាការងាយឡើយ ហើយក៏មិនមែនចំណាយពេលតិចឆ្នាំឡើយ ។
ដោយហេតុឃើញបុគ្គលមួយរូបពោលសម្តីមា.ក់ងាយសម្តេចព្រះបិតាស្ថាបនាអក្សរសាស្ត្រខ្មែរ ថាឆោត ធ្វើវចនានុក្រមនេះឡើងដោយចិត្តឯង មិនមានការកែប្រែ។ សូមបញ្ជាកថា៖ សម្តេចព្រះសង្ឃរាជ ទ្រង់មានព្រះបន្ទូលក្នុងកាសែតនាទីបទសម្ភាសន៍អក្សរសាស្ត្រថា អាត្មាមិនមែនចេះតែត្រាស់ដឹងនឹកឃើញធ្វើតែឯងឡើយ គឺសុទ្ធតែមានគណកម្មការ រៀបចំ ត្រួតពិនិត្យត្រឹមត្រូវបានជាបង្កើតវចនានុក្រមនេះឡើង(ដូចខាងលើមានរៀបរាប់សមាសភាពបុគ្គលចូលរួមស្រាប់)សូមអស់លោកជ្រាបផង)។ ហើយសម្តេចព្រះសង្ឃរាជ ក៏មិនហាមឃាត់រឿងបង្កើតវចនានុក្រមថ្មីនេះដែរ ព្រោះវប្បធម៌នៃពាក្យចេះតែកើតឡើងតាមសម័យកាល ដូចលោកអ្នកបានឃើញស្រាប់ហើយ បច្ចុប្បន្ននេះ ពាក្យប្លែកៗកើតឡើងច្រើនណាស់ តាមរយៈតារាចម្រៀង តារាកំប្លែង ឬបុគ្គលល្បីៗ។ យើងឃើញថាសម្តេចព្រះបិតាស្ថាបនាអក្សរសាស្ត្រជាតិ មានមហាករុណទិគុណអនេកណាស់ក្នុងវិស័យនេះ។
ដកស្រង់ពី៖ ចៅគង្វាលគោ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩៕





Comments
Post a Comment