បន្ទាប់ពីទៅដល់ប្រទេសឡាវខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់នារី ណាហ្គាវើលដ៍ យ៉ុន យ៉ើន សម្តែងអារម្មណ៍រំភើបដែលខ្លួនបានក្លាយជាកីឡាការិនីកម្ពុជាដំបូងគេដែលចេញប្រកបអាជីពបាល់ទាត់ក្រៅស្រុក។ ឆ្លើយតបតាមសារមកកាន់ YTN.KH កញ្ញា យ៉ើន ប្រាប់ថាការទៅដល់ប្រទេសឡាវ គឺទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាងក្នុងនាមជាសមាជិកថ្មី។
«ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត រីករាយដែលមានឱកាសចូលរួមជាមួយក្រុមបាល់ទាត់លីគនារីឡាវ(Young Elephants FC)។ ការទទួលរាក់ទាក់បានល្អ»។ ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់នារីកម្ពុជា លើកឡើងដូច្នេះ និងនាងថាតែពិបាកក្នុងការប្រើភាសា។ កញ្ញា យ៉ុន យ៉ើន និយាយថា៖«ទំនាក់ទំនងរៀងពិបាកភាសា»។
កីឡាការិនី យ៉ុន យ៉ើន មានអាយុ ២៤ឆ្នាំកើតនៅខេត្តកំពង់ស្ពឺ។ យ៉ើន បានជាប់ជាកីឡាការិនីលេងឱ្យជម្រើសជាតិកម្ពុជា នៅឆ្នាំ២០១៤ ក្នុងថ្នាលអាយុក្រោម១៤ឆ្នាំ។ យ៉ុន យ៉ើន ជាប្រធានក្រុមក្លិបបាល់ទាត់នារីណាហ្គាវើលដ៍ និងជាសមាជិកដ៏សំខាន់របស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នាងបានទៅដល់ប្រទេសឡាវ កាលពីថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រៀមចូលរួមជាមួយក្លឹបបាល់ទាត់ឡាវ Young Elephants FC(women)។ ការទៅចូលរួមរបស់ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះគឺក្នុងលក្ខខ័ណ្ឌខ្ចីជើង ព្រឹត្តិការណ៍ប្រកួតវគ្គបឋម នៃការប្រកួតកីឡាបាល់ទាត់នារីរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) AFC Women's Club Championship Preliminary Stage។
![]() |
| កញ្ញា យ៉ុន យ៉ើន(កណ្តាល) និងមិត្តរួមក្លិប/រូបពី Fb |



Comments
Post a Comment