ឯកឧត្តម ហង់ជួន ណារ៉ុន៖ នេះជាកិត្តិយសសម្រាប់កម្ពុជា ហើយក៏ជាកិត្តិយសសម្រាប់អត្តពលិកខ្លួនឯងដែលបានចូលរួមប្រកួតកីឡាអូឡាំពិក

ឯកឧត្តម ហង់ជួន ណារ៉ុន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតចូលឱ្យប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនីចូលជួបសម្តែងការគួរសម មុនចេញដំណើរទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែល នឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។



ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ គឺជាព្រឹត្តិការណ៍កីឡាធំជាងគេនៅលើពិភពលោកហើយពិបាកណាស់សម្រាប់ អត្តពលិកដែលចង់ចូលរួម។ នេះអាចថាជាកិតិ្តយសមួយសម្រាប់ប្រទេសកម្ពុជា ហើយក៏សម្រាប់កីឡាករ-កីឡាការិនីខ្លួនឯងផ្ទាល់ផងដែរដែលត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតនៅប្រទេសបារាំង នេះ។ 


ឯកឧត្តម វ៉ាត់ ចំរើន(ឆ្វេង) និងឯកឧត្តម លី កុសល


ឯកឧត្តម ហង់ជួន ណារ៉ុន​ ក៏បានផ្តាំផ្ញើទៅដល់គ្រូបង្វឹក និងអត្តពលិកទាំងបីរូបដែលទៅចូលរួមការប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោកនៅប្រទេសបារាំង  ឆ្នាំ២០២៤នេះ ពេលធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទៅណាមកណាគឺត្រូវមានគ្នាជាក្រុម ដែលផ្តល់ភាពកក់ក្តៅសម្រាប់ខ្លួនឯង។ អ្វីដែលពិសេសនោះគឺរក្សាបាននូវិន័យ មិនថាពេលហ្វឹកហាត់ ប្រកួតត្រូវធានាឱ្យបាននូវការមិនបង្ករឱ្យមានបញ្ហាអ្វីផ្សេងៗកើតឡើងក្នុងព្រឹត្តិការណ៍ប្រកួតនេះឡើយ។ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ទៀតថាកីឡាអូឡាំពិកនេះគឺសម្រិតសម្រាំង និងចម្រាញ់យកនូវកីឡាករ-កីឡាការិនីឆ្នើមមកពីបណ្តាប្រទេសផ្សេងៗគ្នាមកចូលរួម។ សម្រាប់វិញ្ញាសាប្រកួតវិញក៏មានភាពលំបាកខ្លាំងដែរអត្តពលិកនីមួយៗទម្រាំមកដល់ចំនុចធំនេះបានគឺស្វិតស្វាញ និងតស៊ូព្យាយាមខ្លាំងណាស់។ 



សូមបញ្ជាក់ថា កម្ពុជាមានអត្តពលិក ០៣រូបលើ២ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារីស ប្រទេសបារាំង ក្នុងនោះមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ដែលជាម្ចាស់មេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ កីឡាករហែលទឹក កូសុងដឺ ឡាប៉ារ៉ង អង់ត្វ័ន ម៉ាតាំងក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។ អ្នកទាំង៣រូបនេះ ទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ២០២៤ នៅក្រុងប៉ារីស ប្រទេសបារាំង ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៦ កក្កដា ដល់១១ សីហា ឆ្នាំ២០២៤៕

Comments