លោក រិទ្ធ ឌីកា៖ បាល់ទាត់ពេលខ្លះក៏ត្រូវរង់ចាំសំណាងដែរ

 

លោក រិទ្ធ ឌីកា/ រូបពី FB 

អតីតគ្រូបង្វឹកក្រុមបាល់ទាត់យុវជនកម្ពុជា អាយុក្រោម ១៩ឆ្នាំលោក រិទ្ធ ឌីកា ថាលោក ភា សុភ័ត្រ្តា ដែលដឹកនាំ U19កម្ពុជាប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ឈរចំណាត់ថ្នាក់លេខ២ ក្នុងពូលA ពានរង្វាន់ AFF U19 Youth Championship 2024 គឺមិនអាក្រក់ពេកទេ ព្រោះបាល់ទាត់គឺមិនអាចដឹងមុនឡើយ ដោយលោកលើកឡើងថាបាល់ទាត់ពេលខ្លះក៏ត្រូវរង់ចាំសំណាងដែរ។


លោក ភា សុភ័ត្រ្តា/រូបពីFB

លោក រិទ្ធ និយាយថា៖«យើងក៏ប្រឹងគេក៏ប្រឹង អ៊ីចឹងលទ្ធផលមិនតាមបំណងទេ ប៉ុន្តែយើងឃើញហើយការប្រកួតនៅលើទីលាន ការគ្រប់គ្រងបាល់របៀបលេងអីយើងអាចលើគេ ប៉ុន្តែបាល់ទាត់ក៏ត្រូវរង់ចាំសំណាងដែរ មិនទៀងថាយើងសង្កត់គេ លើគេទៀងថាយើងឈ្នះទេ ពេលខ្លះយើងជួបបញ្ហាអីចឹងដែរ!»។

លោក រិទ្ធ ឌីកា អតីតគ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លើកឡើងថាលទ្ធផលក្រោមការដឹកនាំរបស់ លោក ភា សុភ័ត្រ្តា គឺទទួលយកបាន ព្រោះនៅលើវិស័យបាល់ទាត់គឺជារឿងធម្មតាសម្រាប់លទ្ធផលចាញ់ និងឈ្នះ ហើយលោកចាត់ទុកថាការប្រកាសលាឈប់របស់គ្រូ សុភ័ត្ត្រា ពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំជាទំនួលខុសត្រូវដ៏ល្អ។


«សម្រាប់ខ្ញុំផ្ទាល់លោកគ្រូ ភា សុភ័ត្រ្តា គាត់លាឈប់ពីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំនេះជាការទទួលខុសត្រូវរបស់គាត់»។ លោក រិទ្ធ ឌីកា លើកឡើងដូច្នេះតាមសារតេលេក្រាមមកកាន់ YTN,kh ដោយលោកបន្ថែមថាក្នុងនាមជាគ្រូដឹកនាំត្រូវហ៊ានទទួលខុសត្រូវសម្រាប់លទ្ធផល សម្រាប់ការប្រកួត កូនក្រុម អ្វីទាំងអស់គឺត្រូវតែហ៊ានទទួលខុសត្រូវ។


ការលើកឡើងដូច្នេះរបស់នាយកបច្ចេកទេសក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ធ្វើឡើងបន្ទាប់ពី លោក ភា សុភ័ត្រ្តា ប្រកាសដើរចេញពីដំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ នៅលើគណនីហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។


ចំពោះលទ្ធផលសម្រាប់ក្រុមគោព្រៃវ័យជំទង់កម្ពុជា ដែលមាន៣ពិន្ទុក្នុងដៃ ក្រោមការដឹកនាំរបស់លោក ភា សុភ័ត្រ្តា លោក ឌីកា ថាគឺទទួលយកបានមិនថាតែការប្រកួត ឬចំណាត់ថ្នាក់នោះទេ។ អតីតគ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និយាយថា៖«សម្រាប់ខ្ញុំ U19 ដែលដឹកនាំដោយគ្រូ សុភ័ត្រ្តា នេះគឺខ្ញុំទទួលយកបាន ទាំងការប្រកួតរបស់ពួកគាត់ និងចំណាត់ថ្នាក់»។ 

យ៉ាងណាការប្រកាសដើរចេញរបស់លោកគ្រូ សុភ័ត្រ្តា ជុំវិញថាតើប៉ះពាល់យ៉ាងណាចំពោះគ្រូបង្វឹក? លោក រិទ្ធ ឌីកា ថាមិនមានប៉ះពាល់អ្វីនោះទេ អ្វីៗគឺសម្រេចលើសហព័ន្ធដែលមាននាយកបច្ចេកទេសពិនិត្យលើសមត្ថភាព។ បើតាមសំនេរនៅលើហ្វេសប៊ុក របស់ លោក ភា សុភ័ត្រ្តា សរសេរថា៖«ចាប់ពីពេលនេះអ្នកទាំងអស់គ្នាអាចបំភ្លេចឈ្មោះខ្ញុំបានពីបាល់ទាត់ជម្រើសជាតិ តែសូមកុំឈប់គាំទ្របាល់យើងឱ្យសោះ។ សូមអរគុណការគាំទ្រ និងមតិយោបល់របស់បងប្អូន។ ជាចុងក្រោយសូមរក្សាភាពថ្លៃថ្នូរដល់អាជីពដែលមានវិជ្ជាជីវៈមួយនេះសម្រាប់អ្នកបន្ទាប់ "Respect"»។ 



លោក ភា សុភ័ក្ត្រា បានលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម១៩ឆ្នាំ ក្រោយមិនអាចឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី AFF U19 Youth Championshipp 2024 បានដោយ៣ប្រកួតឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ ឈរលេខ២ ក្នុងពូលA ខណៈម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឈរលេខ១។

គួររំលឹកផងដែរថា គ្រូបង្គោលសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ភាសុភ័ត្រ្តា ទើបតែទទួលបានការតែងតាំងពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជាជាផ្លូវការ កាលពីខែឧសភា កន្លងទៅ។ លោកក៏ធ្លាប់បានប្រកាសដែរថា លោកនឹងចាកចេញពីតំណែង ប្រសិនបើមិនទទួលបានជោគជ័យ៕

Comments