រកឃើញហើយ តែទ័ពថ្មើជើងចូលទៅមិនទាន់ដល់

 

ឧទ្ធម្ភាគចក្រថតពីលើអាកាស/រូបពី tvk

រកឃើញ«ឧទ្ធម្ភាចក្រ»ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល ១៧ថ្ងៃ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។



នារសៀលថ្ងៃទី២៩ ខែកក្កដា នេះក្រសួងការពារជាតិបានចេញសេចក្តីជូនដំណឹងអំពីការរកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា កន្លងទៅ។ ក្រុមប្រតិបត្តការទ័ពអាកាសបានប្រទះឃើញឧទ្ធម្ភាគចក្រ​ នៅ​ចំណុច​ភ្នំយ៉ាវយ៉ៃ​ ស្ថិត​នៅក្នុង​ឃុំថ្ម​ដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​។

 

នៅពេលនេះ​កងកម្លាំងថ្មើជើង​ កំពុង​ប្រតិបត្តិ​ការ​រួសរាន់​សម្រុកទៅកាន់ទីតាំងនោះ​ ដើម្បី​សង្រ្គោះ​អ្នក​ជំនាញទាំងពីរូប ទោះបីជាឆ្លងកាត់ឧបសគ្គជាច្រើនដូចជាកត្តាភូមិសាស្រ្ត​ និងអាកាសធាតុ ដែលប៉ះពាល់ដល់ការរុករកតាមរយៈថ្មើរជើង។

 

សូមបញ្ជាក់ថា មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧទ្ធម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពពិសេសជាដើម សរុបមានប្រមាណជាង១,០០០(១ពាន់)នាក់។


គួររំលឹកផងដែរថា ឧទ្ធម្ភាគចក្រយោធាហាត់ហ្វឹកហ្វឺនមួយគ្រឿងមានឈ្មោះ z-9 មានទិសដៅពីភ្នំពេញទៅតំបន់ ថ្មដា និងពីតំបន់ថ្ម ដា ទៅពោធិ៍សាត់ និងពីពោធិ៍សាត់ មកភ្នំពេញវិញ ក្នុងនោះមានមនុស្សចំនួន២នាក់ដែលបានបាត់ខ្លួនគឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុម ហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក

 

 


Comments