លោក ស៊ុន ផ្លា ត្រូវបានប្រទះឃើញស្លាប់នៅចម្ងាយពីចំនុចធ្លាក់ឧទ្ធម្ភាគចក្រ ២១០ម៉ែត្រ

អាកាសយានិក ខេង ឆៃយុទ្ធ/រូបពីFB


នាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៤ ក្រុមកងទ័ពជើងគោកនៃក្រសួងការពារជាតិ បានជួបសពលោក ស៊ុន ផ្លា ប្រធានក្រុមហោះហើរហើយ ដែលបានបាត់បង់ជីវិតពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រចម្ងាយ ២១០ម៉ែត្រ។

 

ក្នុងចំណោមអាកាសយានិកពីររូបដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រZ9ដែលជួបឧបទ្ទវហេតុ នៅភូមិសាស្រ្តខេត្តកោះកុង និងខេត្តពោធិសាត់ម្តុំជួរភ្នំក្រវ៉ាញនាពេលកន្លងទៅ ក្រសួងការពារជាតិនៅថ្ងៃទី២៩ កក្កដា ម្សិលមិញនេះបានបញ្ជាក់ពីការរកឃើញឧទ្ធម្ភាគក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការកងទ័ពអាកាសកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។



លោក ខេង ឆៃយុទ្ធ អាកាសយានិកហ្វឹកហ្វឺនទ័ពអាកាស កាលពីម្សិលមិញបានស្លាប់នៅលើកៅអីយន្តហោះ ចំណែកលោក ស៊ុន ផ្លា ប្រធានក្រុមហោះហើរបានរកឃើញថាបានអស់ជីវិតផងដែរនាព្រឹកនេះ។ ជុំវិការធ្លាក់ឧទ្ធម្ភាគចក្រនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលបានដឹកនាំប្រតិបត្តិការរុករកសន្និដ្ឋានជុំវិញការបាត់ខ្លួនលោក ស៊ុន ផ្លា  ថានៅពេលយន្តហោះធ្លាក់ភ្លាមៗលោកអាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ ដោយឡែក លោក ខេង ឆៃយុទ្ធ សពរបស់គាត់គឺស្លាប់នៅលើកៅអីយន្តហោះតែម្តង ហើយតាមការសន្និដ្ឋានអាចស្លាប់ពេលយន្តហោះធ្លាក់ភ្លាមៗនោះ។



សូមបញ្ជាក់ថា ក្រសួងការពារជាតិបានប្រកាសពីការរកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា កន្លងទៅហើយត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី២៩ ខែកក្កដាដោយក្រុមប្រតិបត្តការទ័ពអាកាសបានប្រទះឃើញឧទ្ធម្ភាគចក្រ​ នៅ​ចំណុច​ភ្នំយ៉ាវយ៉ៃ​ ស្ថិត​នៅក្នុង​ឃុំថ្ម​ដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ ដែលមានរយៈពេល១៧ថ្ងៃ។

 

មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន ទ័ពថ្មើរជើង ទ័ពអាកាស និងទ័ពពិសេសជាដើម សរុបមានប្រមាណជាង១,០០០(១ពាន់)នាក់។


គួររំលឹកផងដែរថា ឧទ្ធម្ភាគចក្រយោធាហាត់ហ្វឹកហ្វឺនមួយគ្រឿងមានឈ្មោះZ9 កាលពីឆ្នាំ២០១៣ បានហោះហ្វឹកហ្វឺន ពីរាជធានីភ្នំពេញ ទៅតំបន់ថ្មដា ហើយពីថ្មដា ទៅកាន់ ខេត្តពោធិ៍សាត់ និងពីខេត្តពោធិ៍សាត់ មកភ្នំពេញវិញ។ ក្នុងឧទ្ធម្ភាគចក្រនោះមានមនុស្សចំនួន២នាក់ដែលបានបាត់ខ្លួនគឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក



ជុំវិញការធ្វើពិធីបូជាសពអាកាសយានិកទាំងពិររូបនេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងការពារនៅពុំទាន់បានបញ្ជាក់នៅឡើយទេ។ សារព័ត៌មានយើងបានព្យាយាមទាក់សួរទៅកាន់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិដែរតែនៅពុំទាន់ទទួលបានការឆ្លើយតប៕

 

Comments