![]() |
| Modric and Mbappe/ by AP |
ខ្សែប្រយុទ្ធKylianMbappe របស់ក្រុម Real Madrid បានពន្យល់ពីមូលហេតុដែលគាត់មិនយកអាវលេខ១០ ពីLuka Modric ។ Mbappe ត្រូវបានបង្ហាញខ្លួនជាផ្លូវការដោយក្លឹបយក្ស LaLiga អធិរាជស Real Madrid ធ្វើពិធីប្រកាសកាលពីថ្ងៃអង្គារ នៅកីឡដ្ឋាន Santiago Bernabeu ប្រទេសអេស្ប៉ាញ។
កីឡាករវ័យ ២៥ឆ្នាំត្រូវបានផ្ទេរមកដោយឥតគិតថ្លៃបន្ទាប់ពីចាកចេញពីក្លិបយក្សបារាំង Paris Saint-Germain។ នៅ PSG ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ទទួលដំណែងអាវលេខ ១០បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar JR ចាកចេញទៅកាន់ទឹកដីស្តេចប្រេងកាត អារ៉ាប់ប៊ីសាអូឌីត និងរូបគេក៏ជាម្ចាស់អាវលេខ១០ នៅក្នុងក្រុមជម្រើសជាតិមាន់គកបារាំងផងដែរ។
ប៉ុន្តែខ្សែប្រយុទ្ធមុតស្រួចរូបនេះសម្រេចចិត្តជ្រើសរើសអាវលេខ៩ ក្នុងការបង្ហាញខ្លួននៅក្នុងក្រុមអធិរាជស Real Madrid ទៅវិញដោយអនុញ្ញាតឱ្យខ្សែបម្រើ Luka Modric បន្តជាម្ចាស់អាវលេខ ១០ ដដែល។ លេខ១០ របស់ប្រធានក្រុមជម្រើសជាតិក្រូអាស៊ីរូបនេះអាចថាជាដំណែងចុងក្រោយនៅក្នុងប្រទេសអេស្ប៉ាញ ព្រោះគេបន្តកុងត្រាត្រឹមឆ្នាំ២០២៥ ប៉ុណ្ណោះ ពោលរូបគេនៅបន្តលេងក្នុងក្លិបម្ចាស់ពេនឆេមពានលីគ ១៥សម័យតែ១រដូវកាលទៀតទេ។
និយាយក្នុងពេលបង្ហាញខ្លួនមុខអ្នកគាំទ្រ Mbappe និយាយថា៖«ខ្ញុំមិនដែលនិយាយថាខ្ញុំចង់បានអាវលេខនេះទេ... វាជាលេខរបស់ Modric»។ នេះបើតាមការចុះផ្សាយរបស់ MSN ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោយខ្សែប្រយុទ្ធបារាំង វ័យ២៥ឆ្នាំបង្ហាញខ្លួននៅ Real Madrid ១ថ្ងៃ។ រហស្សនាម«និនចាអណ្តើក» Mbappe បន្តថា រូបគេសប្បាយចិត្តខ្លាំងដែលបានរួមក្លិប និងលេងជាមួយរៀមច្បង Modric។
«ខ្ញុំពិតជាមានកិត្តិយសក្នុងការលេងជាមួយ Modric។ គាត់គឺជាម្ចាស់ពានរង្វាន់ បាល់មាស(Ballon D'Or) ហើយខ្ញុំគោរពគាត់ខ្លាំងណាស់»។ បញ្ចប់ព្រឹត្តិការណ៍ FIFA World Cup 2018 ខ្សែបម្រើ Modric ឈ្នះពានរង្វាន់បាល់មាស (Ballon D'Or)។
ជាទស្សនៈអាវលេខ៩៖ បានជាខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរបស់បារាំងរូបនេះពាក់អាវលេខ៩ ព្រោះគាត់ចង់បង្ហាញខ្លួនឱ្យស៊ីសង្វាក់ទៅនឹងនិមិត្តរូបរបស់គាត់គឺ កីឡាករ Cristiano Ronaldo ដែលបង្ហាញខ្លួនលើកដំបូងនៅក្រុមអធិរាជស Real Madrid ជាមួយអាវលេខ៩ កាលពីឆ្នាំ២០០៩។






Comments
Post a Comment