Shopee Cup (Qualifying Round)៖ ព្រះខ័នរាជស្វាយរៀង វាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Young Elephants fc ៣-២ មានសង្ឃឹមខ្ពស់

ពិតជាមិនធម្មតាសម្រាប់ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង វាយបកចុងម៉ោងយកឈ្នះលើក្រុមម្ចាស់ផ្ទះឡាវ Young Elephants FC ដោយបញ្ចប់ក្នុងលទ្ធផល ៣-២ នាការប្រកួតវគ្គ Qualifying Round ពានរង្វាន់បាល់ទាត់ ASEAN Club Champion-Shopee Cup ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅកីឡដ្ឋានជាតិឡាវ។ ជ័យជំនះមួយនេះជារឿងល្អ និងមានភាគរយខ្ពស់សម្រាប់ក្រុមកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងឡើងទៅវគ្គបន្ត។


Nhean sosidan FW from PKSR
Nhean Sosidan(white) before to shot on goal Young Elephants FC 90+4' by PKSR


នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះ Young Elephants FC បានបើកការនាំមុខលើភ្ញៀវ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១។ គ្រាប់បាល់ដំបូងរកបានដោយខ្សែប្រយុទ្ធរបស់ក្រុមភ្ញៀវ ព្រះខ័នរាជ Gabriel Silva នៅនាទី១៩' រំលងបាន១២នាទីក្រោយក្រុមម្ចាស់ផ្ទះ ដំរីតូច តាមបានស្មើមកវិញដោយខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Nishihara Takumu ដោយបាល់១១ម៉ែត្រ(Penalty) នៅនាទី៣៣'។ 


នៅនាទី៣៧' ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខលើក្រុមភ្ញៀវ ដោយលទ្ធផល ២-១ រកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ Shokhrkh Makhmudkhozhiev។ ឈានចូលដល់វគ្គទី២ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ចាប់ផ្តើមដាក់បន្ទុកខ្លាំងលើក្រុមម្ចាស់ផ្ទះ Young Elephants FC រហូតទម្លាយគ្រាប់បាល់តាមស្មើនៅនាទី៩០' ដោយខ្សែប្រយុទ្ធចំណូលថ្មី Silveira Cristian ក្រោយបញ្ជូនចេញពីខ្សែប្រយុទ្ធ ញាន សុស៊ីដាន។



PKSR(white) vs YEFC(yellow)
ខ្សែប្រយុទ្ធ ព្រះខ័នរាជស្វាយរៀង Cristian ស៊ុតគ្រាប់បាល់តាមស្មើ Young Elephants FC (by PKSR)


អ្វីៗបានផ្លាស់ប្តូរនៅនាទី៩០+៤' ដោយក្រុមតំណាងប្រទេសកម្ពុជា វាយសម្រុករហូតអាចរកបានគ្រាប់បាល់ជ័យជម្នះសម្រាប់ជើងទី១ នេះដោយខ្សែប្រយុទ្ធ ញាន សុស៊ីដាន បញ្ចប់ទីដោយជើងឆ្វេងទម្លាយសំណាញ់ទីក្រុមម្ចាស់ផ្ទះ។ បញ្ចប់ការប្រកួតក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ទទួលបាន៣ពិន្ទុក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះ Young Elephants FC ក្នុងលទ្ធផល ៣-២។


PKSR player's Fuji (white) vs Young Elephants Player (yellow).

ជ័យជំនះមួយនេះអាចថាល្អសម្រាប់ក្រុមតំណាងកម្ពុជាក្នុងជំនួបជើងទី១នេះ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅទឹកដីកម្ពុជា។ បើតាមសម្តីគ្រូបង្វឹកលោក Pep Munoz មុនការប្រកួតមកដល់ បានអំពាវនាវដល់ប្រជាជនកម្ពុជាដែលតែងតែស្រលាញ់ និងគាំទ្រវិស័យបាល់ទាត់ ឱ្យមកជួយលើកទឹកចិត្តដល់ក្រុមទាំងមូលដែលលេងតំណាងប្រទេសម្ពុជា។


លោក Pep ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត(by PKSR)

ភាពកក់ក្តៅក្នុងជំនួបបើកឆាករបស់ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣-២០២៤ ព្រះខ័នរាជ កើតឡើងពីការលេងបានយ៉ាងល្អរបស់ក្រុម និងការចាត់ចែងយ៉ាងល្អពីគ្រូបង្គោល។ កីឡាករចំណូលថ្មីពីររូបដែលបានទាត់បាល់បញ្ចូលទីអាចថាជាការដឹកនាំលេងបានល្អ និងមានទំនុកចិត្តខ្ពស់សម្រាប់ក្រុមក្នុងការប្រជែងពានរង្វាន់ Sophee-Cup៕





Comments