ក្លិប-សមាគមទូកចំនួន២៥ នឹងប្រជែងពានរង្វាន់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤«ពានរង្វាន់កឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១»

ឯកឧត្តម មាស សារិន

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា ប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ,ទូកនាគ, ទូកកានូ, ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ «ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១»
បានរៀបចំចាប់ឆ្នោត និងប្រកាសបទបញ្ជានៃការប្រកួត ដោយមានការចូលរួមពី តំណាងក្លឹប និងសមាគមកីឡាមកពីបណ្តា រាជធានីខេត្ត និងក្រសួងស្ថាប័នចំនួន២៥  ដែលធ្វើឡើងនៅសាលា ខេត្តស្វាយរៀង ក្នុងបំណងធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងទូកប្រព្រឹត្តិទៅដោយរលូន និង ទទួលបានជោគជ័យ។



ការប្រកួតនេះគ្រោងធ្វើឡើងរយៈពេល២ គិតចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែសីហា ឆ្នាំ២០២២៤ នៅ បរិវេណទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ឯកឧត្តមបណ្ឌិត មាស សារិន អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងជា         គណៈកម្មការរៀបចំការប្រកួត បានមានប្រសាសន៍ថាការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និង ទូករ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ក្នុងឆ្នាំនេះ មានការចូលរួម ពីសមាគម-ក្លិបកីឡាប្រណាំងទូក រាជធានី ខេត្ត ក្រសួង ស្ថាប័ន ចំនួន២៥ គឺមានការកើនឡើងលើសពីឆ្នាំមុនៗ បើប្រៀបធៀបនឹងឆ្នាំ២០២៣ គឺមានត្រឹម តែ១៨ ក្លិប សមាគមប៉ុណ្ណោះ។

នេះជាការបង្ហាញពីភាពរីកចំរើន   នៃវិស័យកីឡាទូកកម្ពុជាក្រោមការដឹកនាំ របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដែលជាប្រធានសហព័ន្ធ។ ឯកឧត្តមបណ្ឌិត មាស សារិន បន្ដថា មានវិញ្ញាសាជាច្រើនដែលគណៈកម្មការរៀបចំ ដាក់ឲ្យដំណើរការប្រកួតក្នុងនោះ រួមមាន
ទូកប្រពៃណីខ្នាតអន្តរជាតិ ផ្នែកបុរសចំណុះ ១២នាក់ វិញ្ញាសាចម្ងាយ៨០០ម៉ែត្រ, ៥០០ម៉ែត្រ និង២០០ ម៉ែត្រ ផ្នែកនារីចំនុះ ១២នាក់ វិញ្ញាសាចម្ងាយ ២០០ម៉ែត្រ។


ទូកផ្កាចារ វិញ្ញាសាចម្ងាយ៥០០ម៉ែត្រ ចំណុះ៥នាក់ បុរស-នារី និងវិញ្ញាសា ២០០ម៉ែត្រ ចំណុះ៥នាក់ បុរស-នារី។ ទូកកានូទូកកាយ៉ាក និងទូករ៉ូអ៊ីង មានវិញ្ញាសាទូក កានូស៊ីវ័ន(C1) ២០០ម៉ែត្រ បុរស វិញ្ញាសាទូកកាយ៉ាក ខេវ័ន (K1) ២០០ម៉ែត្រ បុរស និងវិញ្ញាសា ទូករ៉ូអ៊ីង វ័នអ៊ិច (1X) ៨០០ម៉ែត្រ បុរស។ 

គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រភេទកីឡាទូកប្រណាំង ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ  ដែលគាំទ្រដោយក្រសួងអប់រំយុវជន និង កីឡា ក្រោមកិច្ចសហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា   ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកទាំងអស់ បញ្ចេញសមត្ថភាព និងវាស់ស្ទង់កំរិតបច្ចេក ទេស ដែលខ្លួនខិតខំហ្វឹកហាត់ និងដើម្បីជ្រើសបាន កីឡាករ-កិឡាការិនី មានទេពកោសល្យ ប្រកបដោយបច្ចេកទេសខ្ពស់ តំណាងឲ្យជាតិ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា អន្ដរជាតិ នានា។

ឯកឧត្តម អគ្គលេខាធិការ បានលើកឡើងថា ការលេងកីឡាសំខាន់គឺការចូលរួម មិនផ្ដោតទៅលើការចាញ់ឈ្នះជាសំខាន់នោះទេ ឲ្យតែបានចូលរួម ទោះជាចាញ់ឬឈ្នះក៏យើងអាចចាត់ទុកថាជាជោគជ័យមួយដែរ គឺយើងបានឈ្នះលើខ្លួនឯង  មានការចូលរួមកាន់តែច្រើន ព្រឹត្តិការណ៍កីឡារបស់យើងកាន់តែជោគជ័យ          វិស័យកីឡាប្រណាំងទូករបស់យើងកាន់តែរីកចំរើន៕

០២ សីហា ២០២៤


 

Comments