សួន ចាន់ណារ៉ូ រំភើបចិត្តដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិត្រៀមការប្រកួតពារង្វាន់សម្តេចមហាបវរធិបតី Sea V.League 2024 នៅកម្ពុជា
ថ្លែងក្នុងបទសម្ភាសអ្នកលើកបាល់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ សួន ចាន់ណារ៉ូ និយាយឱបក្តីរំភើបថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមការប្រកួតពានរង្វាន់សម្តេចមហាបវរធិបតី ឆ្នាំ២០២៤ នៅកម្ពុជា ព្រោះព្រឹត្តិការណ៍នេះប្លែក និងជាលើកទី១សម្រាប់ខ្លួន។ ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា បន្តថាសម្រាប់វិស័យបាល់ទះកម្ពុជា កំពុងតែរីកចំរើន ហើយមានព្រឹត្តិការណ៍ធំៗឈានជើងចូលមក ដែលធ្វើឱ្យខ្លួនជាកីឡាករម្នាក់មានអារម្មណ៍រំភើប និងសប្បាយចិត្តជាខ្លាំង។
សមាជិកក្រុមបាល់ទះវិសាខា កីឡាករ សួន ចាន់ណារ៉ូ ក៏បានអំពាវនាវផងដែរថាសម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះសម្តេចមហាបវរធិបតី SEA V.League 2024 ដែលប្រព្រឹត្តិទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅកម្ពុជាសូមបងប្អូនអ្នកគាំទ្រមកជួយលើកទឹកចិត្តដល់ក្រុមជម្រើសជាតិ ដើម្បីបន្តដំណើរទៅមុខទៀត ព្រោះការប្រកួតគឺដើម្បីជាតិ។
សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចមហាបវរធិបតី Sea V.league 2024 មានប្រទេសចូលរួមចំនួន៤ ក្នុងនោះរួមមានម្ចាស់ផ្ទះកមញពូជា សិង្ហបុរី, ម៉ាឡេស៊ី និងឡាវ។ សម្រាប់ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងត្រូវឡើងទៅលេងនៅ Sea V.League 1ដែលមានក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ថៃ និងហ្វីលីពីន៕



Comments
Post a Comment