![]() |
| ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា |
ខេត្តស្វាយរៀង៖ ពិធីរត់ភ្លើងគប់ អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិលើកទី២ ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង បញ្ចប់ទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ក្រោមការអញ្ជើញជាអធិបតីភាពឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមជាច្រើនពីមន្រ្តីរាជការ កងកម្លាំង បុគ្គលិកក្រុមហ៊ុន អង្គការ អ្នកសារព័ត៌មាន សិស្សានុសិស្សនិស្សិត ពលរដ្ឋប្រមាណ ២០០៧នាក់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា បានមានប្រសាសន៍ថាការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤នេះគឺក្នុងគោលបំណងដកស្រង់ និងតាមដានគុនផលសមត្ថភាពអត្តពលិកកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមការប្រកួតកម្រិតអន្តរជាតិនានា អ្វីដែលពិសេសទៀតនោះគឺកម្ពុជានឹងត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ។ បន្ថែមពីលើនោះទៀត ឯកឧត្តមរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អ្នកសារព័ត៌មាន សិស្សានុសិស្ស និស្សិត ពលរដ្ឋដែលបានចូលរួមក្នុងពិធីរត់ភ្លើងគប់កីឡាជាតិឆ្នាំ២០២៤ នៅខេត្តស្វាយរៀង។
ថ្លែងក្នុងពិធីរត់ភ្លើងគប់ឯកឧត្តម ប៉េង ពោធិ៍សា បានសម្តែងក្តីរំភើប និងរីករាយជាខ្លាំងសម្រាប់ខេត្តស្វាយរៀង ដែលទទួលបានសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះនៃពិធីរត់ភ្លើងគប់ អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ លើសពីនេះទៅទៀតឯកឧត្តមអភិបាល នៃគណៈខេត្តក៏បានផ្តាំផ្ញើរទៅកាន់អត្តពលិកតំណាងខេត្តរបស់ខ្លួន ដែលត្រៀមចូលរួមការប្រកួតថ្នាក់ជាតិត្រូវតែខិតខំប្រឹងប្រែងប្រកួតឱ្យពីសមត្ថភាព និងគោរពបទបញ្ជានៃការប្រកួត ប្រកាន់ខ្ជាប់នូវគោលការណ៍ Fair Play។ ឯកឧត្តម ប៉េង ពោធិសា ក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡាដែលបានយកចិត្តទុកដាក់ចំពោះការរៀបចំការប្រកួតកីឡាជាតិ និងបានផ្តល់សិទ្ធដល់ខេត្តស្វាយរៀងរៀបចំធ្វើជាម្ចាស់ផ្ទះលើប្រភេទកីឡាទូកខ្នាតអន្តរជាតិ។
យោងតាមរបាយការណ៍ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង និងជានាយបេសកម្មដឹកនាំប្រតិភូ គ្រូបង្វឹកកីឡាករ-កីឡាការិនីទៅចូលរួមការប្រកួតកីឡាជាតិលើកទី៤ បានបញ្ជាក់ថាប្រតិភូគ្រូបង្វឹក និងអត្តពលិកខេត្តស្វាយរៀង បានចុះឈ្មោះចូលរួមប្រកួតសរុប ២២៣នាក់ក្នុងនោះកីឡាករមានចំនួន១៧០នាក់ និងកីឡាការិនី ៧២នាក់លេងលើ ១៦ប្រភេទកីឡា។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង ទទួលសិទ្ធរៀបចំការប្រកួតកីឡាទូកខ្នាតអន្តរជាតិ។ស្វាយរៀង ជាខេត្តទី៤ បន្ទាប់ពីខេត្តកែប និងព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ដែលបានបា្ររព្ធពិធីរត់ភ្លើងគប់ អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ដំណើរភ្លើងគប់កីឡាជាតិ នឹងធ្វើដំណើរទៅកាន់ខេត្តកណ្តាល នៅចំនុចទីតាំងព្រែកជីកហ្វូណនតេជោ មុនចេញដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយវត្តមានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ស្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
សូមរំលឹកជូនថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរាជធានីខេត្តធ្វើជាម្ចាស់ផ្ទះរួមមាន រាជធានីភ្នំពេញ, ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង៕
២៦ តុលា ២០២៤/ខេត្តស្វាយរៀង




Comments
Post a Comment