ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា សរសើរគណៈកម្មការរៀបចំការប្រកួត បញ្ចប់ការប្រកួតដោយរលូនល្អ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
![]() |
| ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា |
រាជធានីភ្នំពេញ៖ កីឡាការ៉ាតេ បានបញ្ចប់ការប្រកួតកីឡាជាតិឆ្នាំ២០២៤ របស់ខ្លួននាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍កោសរសើរចំពោះការរៀបចំរបស់គណៈកម្មការរៀបចំការប្រកួត កីឡាករ-កីឡាការិនីដែល សហការគ្នាបានយ៉ាងល្អបញ្ចប់ទៅដោយរលូន និងជោគជ័យ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាខាងលើក៏បានសាទរចំពោះអត្តពលិកដែលទទួលបានជ័យលាភី និងលើកទឹកចិត្តអត្តពលិកបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ក៏បានគូសបញ្ជាក់ផងដែរថា ប្រធាសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញនូគោលការណ៍ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ការឧបត្ថម្ភគាំទ្រ ការគៀរគររកថវិការកន្ងុការពង្រឹងបច្ចេកទេសវិញ្ញាសា កាតា និងគូមីតេ ការជំរុញសាមគ្គីភាពគ្រប់គណៈកម្មការសហព័ន្ធ ការគោរពវិន័យ បញ្ជានៃការប្រកួត និងសហប្រតិបត្តិការមហាគ្រួសារការ៉ាតេតែមួយ និងគោរពគោលការណ៍ ការសន្សំសំចៃ និងច្នៃប្រឌិតខ្ពស់។
ជាលទ្ធផលបន្ទាប់ពីប្រកួតប្រជែងអស់រយៈពេល០៥ថ្ងៃមកក្រសួងមហាផ្ទៃ ឈរលេខ១ មានមេដាយសរុប ០៦គ្រឿងក្នុងនោះមេដាយមាស០៤ ប្រាក់០១ និងសំរឹទ្ធ០១ នាំមុខក្រសួងសេដ្ឋកិច្ច មានមេដាយសរុប០៩គ្រឿង មេដាយមាស០៣ ប្រាក់០៣ និងសំរឹទ្ធ០៣ ឈរលេខ២ ស្របពេលខេត្តស្ទឹងត្រែង មានមេដាយសរុប០៦គ្រឿង ក្នុងនោះមេដាយមាស០៣ ប្រាក់០១ និងសំរឹទ្ធ០២ ឈរលេខ៣ លើក្រសួងការពារជាតិ ឈរលេខ៤ មានមេដាយសរុប១១គ្រឿង មាស០២ ប្រាក់០៣ និងសំរឹទ្ធ០៦។
ខេត្តព្រះសីហនុ មេដាយសរុប០៤គ្រឿង មេដាយប្រាក់០២ និងសំរឹទ្ធ០២ ឈរលេខ៥ ខណៈខេត្តកណ្តាលឈរលេខ៦ មានមេដាយប្រាក់ ០១គ្រឿង ឈរលេខ៧ ទន្ទឹមនឹងខេត្តសៀមរាប ឈរលេខ៨ មានមេដាយប្រាក់០១គ្រឿងដូចគ្នា។ រីឯខេត្តកំពត មានមេដាយសំរឹទ្ធ០៦គ្រឿង ឈរលេខ៩ នាំមុខ
រាជធានីភ្នំពេញ មានមេដាយសំរឹទ្ធ០១គ្រឿង ចំណែកខេត្តកំពង់ស្ពឺពុំទទួលបានមេដាយឡើយឈរលេខ១០ ក្នុងតារាងចំណាត់ថ្នាក់មេដាយកីឡាជាតិលើកទី៤ ឆ្នាំ២០២៤។
យោងតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ប្រតិភូគ្រូបង្វឹកកីឡាករ កីឡាការិនីកីឡារ៉ាតេ ចូលរួមការប្រកួតកីឡាជាតិលើកទី៤ មានចំនួនសរុប ១២៨នាក់មកពីរាជធានីខេត្តចំនួន០៧ និងក្រសួងចំនួន០៣។ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលដំបូលទូក ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
០៣ វិច្ឆិកា ២០២៤/រាជធានីភ្នំពេញ



Comments
Post a Comment