អត្តពលិកមកពី ៧ប្រទេសចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទា លើកទី១ នៅកម្ពុជា


រាជធានីភ្នំពេញ៖ កម្ពុជា ទទួលបានសិទ្ធរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ ដោយមានអត្តពលិកមកពីប្រទេសចំនួន ០៧ផ្សេងគ្នាក្នុងតំបន់អាស៊ីអាស៊ីអាគ្នេយ៍ដោយមានម្ចាស់ផ្ទះកម្ពុជា ថៃ, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូណេស៊ី និងហ្វីលីពីន។


លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក

ថ្លែងក្នុងពិធីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុនទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាប្រធានកិត្តិយអស់មួយជីវិតរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍, Mr. MICHEL GAUNARD ប្រធានគណៈកម្មាធិការកីឡារបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ តំណាងសហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ(CMAS)។ លោក ហែម គីរី អគ្គលេខាធិការសព័ន្ធខ្មែរកីឡាហែលទឹក លើកឡើងថាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ បានសម្រេចអនុញ្ញាតឱ្យសហព័ន្ធខ្មែរកីឡាហែលទឹក រៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅខេត្តភូកេតនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។



អគ្គលេខាធិការដដែលក៏បានរំលឹគពីសមិទ្ធិផលដែលហព័ន្ធខ្មែរកីឡាហែលទឹក ទទួលបានផងដែរដោយគិតចាប់តាំងពីឆ្នាំ២០២២ មកដល់ពេលបច្ចុប្បន្ននេះ សហព័ន្ធខ្មែរកីឡាហែលទឹកទទួលបានមេដាយសរុបពីកីឡាហែលទឹកពាក់ជើងទា ចំនួន១៧គ្រឿងមេដាយមាសចំនួន ០៧គ្រឿង ប្រាក០២គ្រឿង និងសំរឹទ្ធិ០៨គ្រឿង (ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ទទួលបានមេដាយសំរឹទ្ធិ ០១គ្រឿង ការប្រកួតកីឡា Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ ទទួលបានមេដាយមាស ០៣គ្រឿង និងសំរឹទ្ធិ ០១គ្រឿង ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទទួលបានមេដាយមាសចំនួន ០២គ្រឿង ប្រាក់ ០១គ្រឿង និងសំរឹទ្ធិ ០៤គ្រឿង ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីលើកទី១៨ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ ទទួលបានមេដាយមាសចំនួន ០២គ្រឿង ប្រាក់ ០១គ្រឿង និងសំរឹទ្ធិ ០២គ្រឿង)។



សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានកីឡាករ កីឡាការិនីចូលរួមប្រកួតសរុបមានចំនួន ៦២នាក់ (ប្រុស៣៤នាក់ និងស្រី២៨នាក់)។ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយចំនួន ៣០នាក់ នឹងមវត្តមានមន្រ្តីគណៈកម្មការបច្ចេកទេសចំនួន ១០០នាក់ ចូលរួមដឹកនាំ និងកាត់សេចក្តីក្នុងការប្រកួត៕

០៣ វិច្ឆិកា ២០២៤/រាជធានីភ្នំពេញ

Comments