តើកីឡាករគុនខ្មែរ ធឿន ធារ៉ា នឹងធ្វើឱ្យកក្រើកសាជាថ្មីបានដែរឬទេ មុនដាច់ឆ្នាំ២០២៤?

ធារ៉ា ជាកីឡាករគុនខ្មែរដែលទទួលបានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ន រូបគេកើបសមិទ្ធិផលបានជាច្រើនលើអាជីពជាអ្នកប្រដាល់។ យើងដឹងស្រាប់ហើយវិថីឈឺសាច់មួយនេះមិនមែនបានផលដោយងាយស្រួលនោះទេ ធារ៉ា តស៊ូខ្លាំងក្នុងនាមជាអត្តពលិកលើវិញ្ញាសាប្រយុទ្ធមួយនេះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ធឿន ធារ៉ា នឹងត្រូវឡើងសង្វៀនសាជាថ្មីម្តងទៀតដោយជួបអ្នកប្រយុទ្ធមកពីប្រទេសម៉ុងហ្គោលី។ តើអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា អាចធ្វើឱ្យកក្រើកសង្វៀនប្រយុទ្ធសាជាថ្មីបានដែរឬទេ?


បន្ទាប់ពីវិបត្តិកូវីដ១៩ បានសាបសូន្យទៅនៅកម្ពុជានាចុងឆ្នាំ២០២២ ធឿន ធារ៉ា បានបង្កើតរឿងដ៏អស្ចារ្យដោយរូបគេបានយកឈ្នះកីឡាករថៃ សៃយុគ ភុមផាន់មួង នៅក្នុងការប្រកួតពានរង្វាន់ស្តេចថៃ លើសង្វៀន ថៃហ្វាយ។ ស្នៀតពិសេសរបស់កូនសិស្សលោកគ្រូ អេ ភូថង នរណាៗក៏បានស្គាល់អំពី«កែងពិឃាដ»។ ធារ៉ា បានធ្វើឱ្យថ្ងាសរបស់​អ្នកប្រដាល់ប្រចាំប្រទេសថៃ សៃយុគ ស្រោចលោហិតឥតឈប់រហូតគ្រូពេទ្យបញ្ឈប់ការប្រកួត។ មិនថាតែ ធារ៉ា អ្នកគ្រូ សុម៉ាលី ឬលោកអេភូថង នោះទេប្រជាជនកម្ពុជា និងអ្នកគាំទ្រគុនខ្មែរសម្តែងការសាទរជាខ្លាំងបន្ទាប់ពី អ្នកលេងពូថៅដៃពីឃាដ យកខ្សែក្រវ៉ាត់ និងពានស្តេចថៃ មកកាន់ប្រទេសកម្ពុជាវិញ។


កីឡាករមានដើមកំណើតមកពីខេត្តព្រៃវែង ធារ៉ា ចាប់ផ្តើមទទួលបានប្រជាប្រិយភាពបន្តិចម្តងៗ នៅក្នុងប្រទេស និងក្រៅប្រទេស។ នៅឆ្នាំ២០២៣ រូបគេបានបង្កើតប្រវត្តិសាស្ត្រដ៏ល្អមួយទៀតដោយបានយកឈ្នះអ្នកប្រដាល់មកពីប្រទេសប្រេស៊ីល Thiago Teixiera។ ការប្រកួតនៅទឹកដីខេត្តស្វាយរៀង ធារ៉ា និង Thiago ទទួលបានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់ជំនួបអ្នកទាំងពីរ។ កីឡាករប្រេស៊ីល Thiago មិនអាចយកឈ្នះលើ ធឿន ធារ៉ា បានឡើយ ពោលរូបគេត្រូវបានបញ្ឈប់ការប្រកួតដោយគ្រូពេទ្យមើលឃើញពីមុខរបួសធំ និងមានហូរឈាមមិនឈប់។ ជ័យជំនះរបស់ កីឡាករ ធឿន ធារ៉ា កាន់តែទទួលបានកេរ្តិ៍ឈ្មោះ និងល្បីខ្ទរខ្ទារ ខណៈ Thiago ទទួលបានការស្រលាញ់ពេញចិត្តជាខ្លាំងពីប្រេជាជនកម្ពុជា និងអ្នកគាំទ្រគុនខ្មែរ។


ជោគជ័យលើវិស័យគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្ដីអន្តរជាតិដ៏ល្បីមានឈ្មោះថា Forbes បានចេញផ្សាយពីអត្តពលិកវ័យក្មេងដែលទទួលបានជោគជ័យទាំង១១ ក្នុងតំបន់អាស៊ី។ ធារ៉ា ធ្លាប់បានផ្តល់បទសម្ភាសដល់ YTN ថារូបគេទទួលបានផលច្រើនពីវិស័យគុនខ្មែរ ទាំងរថយន្ត ដី លុយ និងកិត្តិយស កេរ្តិឈ្មោះជូនគ្រួសារ។ ថ្មីៗនេះកីឡាករគុនខ្មែរ ធឿន ធារ៉ា ទទួលបានរង្វាន់ផ្ទះវីឡាមួយពីការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលជាក្តីស្រមៃរបស់គេ។ ភាពជោគជ័យក្នុងវិថីប្រដាល់របស់ ធឿន ធារ៉ា ទាំងពីរឆ្នាំមានរួចរាល់ហើយ ចុះនៅឆ្នាំ២០២៤នេះ រូបគេនឹងចារប្រវត្តិសាស្រ្តថ្មី ឬយ៉ាងណា?


សម្រាប់ការប្រកួតមានតែការទន្ទឹងរង់ចាំទាំងអស់គ្នារវាង អ្នកលេងពូថៅដៃកែងពិឃាដ ធឿន ធារ៉ា និងកីឡាករ Namuung Erel មកពីម៉ុងហ្គោលី។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណផ្សារទំនើប ជីបម៉ុងមេហ្គាម៉ល៕

Comments